ភ្នំពេញ: អ្នកកំប្លែងក្នុងក្រុមនាយក្រឹម នាយ ឆ្លាំង បានសារភាពប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ការងារសិល្បៈកំប្លែងក៏ធ្លាក់កម្រិត ចំណូលដោះស្រាយក្រពះគ្រួសារលែងគ្រប់ ថែមបន្ទុកប្រពន្ធក៏ធ្លាក់ខ្លួនឈឺ ជំងឺទាចទឹក គ្មានប្រាក់ព្យាបាល។
ដំណើរជីវិតសិល្បៈនាយ ឆ្លាំង លេចឡើងក្នុងវិថីសិល្បៈកំប្លែងជាង ១ ទសវត្សរ៍ ជាមួយនឹងភាពរន្ទឺពីមេក្រុមជាកំពូលតារាកំប្លែងចាស់វស្សានាយ ក្រឹម។ ប៉ុន្តែអ្វីដែលកាន់តែសង្វេគនឹងសម្ដីសារភាពពីប្រាក់ចំណូលការងារអាជីពនេះធ្លាក់ស្រុតខ្លាំង ទាំងប្រពន្ធមានជំងឺទាចទឹកប្រចាំកាយនោះ នាយ ឆ្លាំង សព្វថ្ងៃក៏បាននាំប្រពន្ធកូនរស់ក្នុងភាពខ្សត់ទ្រព្យធន នាចុងកាត់មាត់ញកនៃទឹកដីឃុំវាំងចាស់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ចម្ងាយពីភ្នំពេញដល់ទៅជាង ៥០ គីឡូម៉ែត្រ។
នាយ ឆ្លាំង បានប្រាប់ថា៖ «តាំងពីដើមមកជាមួយការប្រឡូកនឹងការងារសិល្បៈ ទោះល្បីជាមួយក្រុមមេក្រឹម ខ្ញុំរស់នៅផ្ទះជួលនៅម្តុំស្ទឹងមានជ័យ ប៉ុន្តែទើបតែជាងមួយឆ្នាំនេះ ដែលរកលុយឲ្យថ្លៃផ្ទះគេមិនគ្រប់ ខ្ញុំក៏នាំប្រពន្ធនឹងកូនមកសង់ផ្ទះនៅទឹកដីវាំងចាស់»។
ជាមួយសម្ដីត្អូញត្អែរផ្ទះឆ្ងាយពីភ្នំពេញ ឃ្លាតពីកញ្ចប់លុយសិល្បៈដោយសារគ្មានជម្រើស បន្ទរនឹងសម្ដីអួលដើមកនឹកដល់ភាពកម្សត់នោះ នាយឆ្លាំង ប្រាប់បន្តថា៖ «ដោយសារទីកន្លែងខ្ញុំរស់នោះនេះ ខ្ញុំមាន ដីទិញទុកពីមុនបានមួយដុំ ហើយគាប់ប្រសើរ បានសម្តេចឧបត្ថម្ភប្រាក់បានល្មមសង់កូនផ្ទះឲ្យកូនជ្រកក៏នាំគ្នាមកនៅ ទីនេះទៅ។ តែពិបាកណាស់សព្វថ្ងៃ ណាមួយឆ្ងាយពីភ្នំពេញដីជាង ៥០ គីឡូ ហើយចាំបាច់ឡើងទៅលេងសិល្បៈនៅភ្នំពេញបានលុយតិចតែចំណាយច្រើនផ្លូវឆ្ងាយ»។
ទោះឈ្មោះជាអ្នកសិល្បៈល្បីក៏ដោយ ប៉ុន្តែបើក្រឡេកមើលជុំវិញទីជម្រក នាយ ឆ្លាំង រស់នៅនោះ ឃើញថា អ្នកភូមិហាក់មានជម្រកសមរម្យដាច់ឆ្ងាយពីអ្នកសិល្បៈរូបនេះ។
នាយ ឆ្លាំង ពោលទៀតថា៖ «បើខ្សត់ទ្រព្យ បន្សាត់ខ្លួននាំប្រពន្ធកូនមកសង់ជម្រកឆ្ងាយហើយ ពេលនេះប្រពន្ធក៏ឈឺទៀត ឈឺជំងឺទាចទឹក មិនមានប្រាក់មើលទេសព្វថ្ងៃ បើកុំបានគ្រូខ្មែរមើលស្តោះផ្លុំនោះ ប្រហែលជាគាត់ទៅចោលប្តី និងកូនៗយូរហើយ»។
លើសពីសម្ដីទួញរៀបរាប់ពីភាពកម្សត់នៃជីវិតគ្រួសារឃ្លាតឆ្ងាយពីដីក្រុងទីប្រភពចំណូល នាំប្រពន្ធកូនប្រុសស្រីពីរនាក់ មកសង់ជម្រកឯចុងភូមិទឹកដីអតីតវាំងចាស់នោះ អ្នកកំប្លែងនាយ ឆ្លាំង ក៏មិនលាក់បាំងដែរថា៖ «សព្វថ្ងៃបានប្រាក់ពីទៅលេងកំប្លែងជាមួយមេក្រឹម ដែលគាត់ឲ្យផងបានមួយសប្តាហ៍ ៤០ ទៅ ៥០ ដុល្លារបានមកដោះស្រាយបំណុលម្ហូប អង្ករ ហើយពេលខ្លះមិនបានទៅលេងសិល្បៈ ក៏ទៅរកលោកនៅវត្ត លោកឲ្យអង្ករបួនដប់កំប៉ុងបានមកដាំនាំប្រពន្ធកូនហូបរួចមួយពេលៗអ៊ីចឹងទៅ»។
ក្នុងទឹកមុខក្រៀមក្រំ ប្រពន្ធនាយ ឆ្លាំង ក៏ពោលថា៖ «មុននេះខ្ញុំជានៅមានកម្លាំងខ្ញុំដើររកនេះ រកនោះបានខ្លះយកមកលក់ដូរអង្ករ ម្ហូប តែរយៈពេល ៥ ខែមកនេះ ខ្ញុំធ្លាក់ខ្លួនឈឺដេកកន្ទេលចាំតែចំណូលប្តី មិនត្រឹមតែគ្មានប្រាក់ព្យាបាលជំងឺនោះទេ សូមត្រឹមឲ្យមានអង្ករច្រកឆ្នាំងគ្រប់ ក៏មិនគ្រប់ផង»។
ប៉ុន្តែយ៉ាងណា នាយ ឆ្លាំង បានប្រាប់ថា៖ «កាលពីមួយខែមុន គិតហើយថា ប្រពន្ធខ្ញុំមិនបានរស់ដល់ថ្ងៃនេះទេ ជំងឺគាត់ធំពោះ ធំរហូតដកដង្ហើមស្ទើរមិនកើត តែពេលនេះពោះគាត់ស្រកខ្លះហើយ ដោយបានគ្រូបុរាណព្យាបាលថ្នាំខ្មែរ»៕
No comments:
Post a Comment